លោកគាត ឈ​ន់​៖ ទឹកជំនន់ អាច​ទាញទម្លាក់​កំណើន​សេដ្ឋកិច្ច​កម្ពុជា នៅ​ឆ្នាំ​២០១១

ភ្នំពេញ: លោក​ឧបនាយករដ្ឋមន្ត្រី គាត ឈ​ន់ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​មានប្រសាសន៍​ថា កំណើន​សេដ្ឋកិច្ច​កម្ពុជា នៅ​ឆ្នាំ​២០១១ អាច​នឹង​ប៉ះពាល់ ដោយសារ​តែ​ឥទ្ធិពល​នៃ​គ្រោះ​ទឹកជំនន់​។ ប៉ុន្តែ​កំណើន​សេដ្ឋកិច្ច​កម្ពុជា ក៏​នឹង​មាន​កំណើន​ខ្ពស់​រហូតដល់ ៦% និង​មាន​សមត្ថភាព​ប្រកួតប្រជែង​ខ្ពស់ជាង​មុន ដោយ​មាន​អតិផរណា​ក្នុង​កម្រិត​តួលេខ ១​ខ្ទង់ ព្រមទាំង​ធានា​សម្រេច​ឲ្យបាន​នូវ ​ការកាត់បន្ថយ​ភាពក្រីក្រ​លើស​១% ក្នុងមួយឆ្នាំ និង​ការធានា​កែលម្អ​សូ​ចនាករ​សំខាន់ៗ ក្នុង​វិស័យ​សង្គមកិច្ច ជាពិសេស​ក្នុង​វិស័យ​អប់រំ សុខាភិបាល និង​សមភាព​យេនឌ័​រ​។​

ក្នុង ​ពិធី​បើក​សិក្ខាសាលា កាលពី​ថ្ងៃ​ទី​ ១១ ខែតុលា ឆ្នាំ​២០១១ នៅ​សណ្ឋាគារ​អ៊ី​ន​ធឺ​កុងទីណង់តាល់​ ​លោកគាត ឈ​ន់ បាន​មានប្រសាសន៍​បន្ត​ថា ជាក់ស្តែង​សេដ្ឋកិច្ចកម្ពុជា បាន​ងើប​ឡើងវិញយ៉ាង​ឆាប់រហ័ស​ពី ០,១% នៅ​ឆ្នាំ​២០០៩ ទៅ ៦% នៅ​ឆ្នាំ​២០១០ ដែល​ធ្វើឲ្យ​និន្នាការ​កំណើន​នេះ មាន​ទម្រង់​ជា​អក្សរ V ដែល​ប្រការ​នេះ​
​បាន​មក ​ដោយសារ​ការ​ងើប​ឡើងវិញ នៃ​កំណើន​ផ្នែកឧ​ស្សហកម្ម​កាត់ដេ​រ​ពី ៩% ទៅ ១៨,៥ % និង​កំណើន​ផ្នែក​សេវាកម្ម​ទេសចរណ៍​ពី ៣% ទៅ ៧% ទោះ​ជា​ការ​ងើប​ឡើងវិញ​នៃ​ផ្នែក​ឧស្សាហកម្ម​សំណង់ និង​ផ្នែក​សេវាកម្ម​អចលនទ្រព្យ មិនទាន់​ប្រាកដប្រជា​ក៏ដោយ​។​

​ លោកគាត ឈ​ន់ មានប្រសាសន៍​ទៀត​ថា នៅក្នុង​ឆ្នាំ​២០១១​នេះ កំណើន​សេដ្ឋកិច្ច​កម្ពុជា​ ត្រូវបាន​រំពឹងថាអាច​ឡើង​ជិត ៧% ប៉ុន្តែ​ ដោយសារ​ភាព​មិន​ប្រាកដប្រជា​នៃ​សេដ្ឋកិច្ច​សហរដ្ឋអាមេរិក និង​សហគមន៍​អឺរ៉ុប និង​ដោយសារ​ផល​ប៉ះពាល់​ពី​ទឹកជំនន់​យ៉ាងធ្ងន់ធ្ងរ ត្រូវបាន​គណនា​ស្ថិត​ក្នុង​រង្វង់ ៦% វិញ​។​

​លោក​រដ្ឋមន្ត្រី​ បានបញ្ជាក់​ថា តាម​ការ​គណនា​ វិស័យឧ​ស្សហកម្ម​នឹង​កើនឡើង​ប្រមាណ ៨,៥%​ ធៀបនឹង ១៣,៦% ក្នុង​ឆ្នាំ​២០១០ ដែល​ក្នុងនោះ ​ផ្នែក​
​ឧស្សហ​កម្ម​កាត់ដេរ នឹង​មាន​កំណើន ១១,២% ធៀប​នឹង ១០,៤% ក្នុង​ឆ្នាំ​២០១០​។​
​ វិស័យ​កសិកម្ម​នឹង​មាន​កំណើន​ប្រមាណ ៣,៦% ធៀប​នឹង ៤% ក្នុង​ឆ្នាំ​២០១០ ដែល​ក្នុងនោះ​ផ្នែក​សេវាកម្ម​ទេសចរណ៍ នឹង​មាន​កំណើន​ប្រហាក់ប្រហែល​នឹង​ឆ្នាំ​២០១០ គឺ​៦,៧%​។​

​ លោកបាន​បញ្ជាក់ទៀតថា អត្រា​ប្តូរ​ប្រាក់ ត្រូវបាន​រក្សា​ឲ្យមាន​ស្ថិរភាព​ ធៀប​នឹង​ប្រាក់​ដុល្លារ​។ អតិផរណា​ជា​មធ្យម​ប្រចាំឆ្នាំ ត្រូវបាន​រក្សា​ក្នុង​រង្វង់ ៥,៥%  រូបិយវត្ថុ​ទូទៅ ​ដែល​រួមផ្សំ​ដោយ​ប្រាក់​បញ្ញើ​របស់​អតិថិជន ក្នុង​ប្រព័ន្ធ​ធនាគារ បាន​កើនឡើង​ពី ៤ ​ពាន់​លាន​ដុល្លារ នៅ​ឆ្នាំ​២០១០ ដល់ ៤,៧ ពាន់​លាន​ដុល្លារ គណនា​ត្រឹម​ខែ​សីហា​ឆ្នាំ​២០១១​។ ទុនបម្រុង​អន្តរជាតិ​សរុប បាន​បន្ត​កើនឡើង​ដល់​ប្រមាណ ៣​ ពាន់​លាន​ដុល្លារ គណនា​ត្រឹម​ខែតុលា ដែល​អាច​ទប់​ការនាំ​ចូល​បាន​ជាង ៤​ខែ​។​

​សូមបញ្ជាក់​ថា លោក​ទេសរដ្ឋមន្ត្រី ញឹម វណ្ណដា អនុប្រធាន​ទី​១ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ កាលពី​ថ្ងៃ​ទី​ ១០​ខែតុលា ឆ្នាំ​២០១១ បានបញ្ជាក់​ថា ពលរដ្ឋ ដែល​ស្លាប់នៅក្នុង​គ្រោះទឹកជំនន់ ​បាន​កើន​ដល់​ទៅ​ ២០៧ នាក់ និង​មាន​ការខូចខាត គិត​ជា​ទឹកប្រាក់​ប្រមាណ ១៦១ លាន​ដុល្លារ​អាមេរិក ដែលប្រហាក់ប្រហែល​នឹង​ការខូចខាត​ដោយ​គ្រោះទឹកជំនន់ កាលពី​ឆ្នាំ​២០០០ដែរ៕​

ការ​បញ្ចេញ​មតិ​ត្រូវ​បាន​បិទ។