នៅឆ្នាំ​២០១២ កម្ពុជាគ្រោងខ្ចីលុយ ១.០០០ លានដុល្លារ​, ចិន​ឲ្យខ្ចីច្រើនជាងគេ​

ភ្នំពេញ: ​ឆ្នាំ​២០១២​ រាជរដ្ឋាភិបាល​កម្ពុជា គ្រោង​នឹង​ខ្ចី​ប្រាក់ពី​ដៃគូ​អភិវឌ្ឍន៍​ចំនួន ​៧០០ ​លាន​SDR ​ឬ​ប្រមាណ​ជាង ​១.០០០ ​លាន​ដុល្លារ​អាមេរិក​។ ​នេះ​បើតាម​សេចក្តីព្រាងច្បាប់​គ្រប់គ្រង​ហិរញ្ញវត្ថុ​ សំរាប់​ឆ្នាំ​២០១២​។​ ក្នុងនោះ ប្រទេស​ចិន ​គឺជា​អ្នក​ឲ្យកម្ពុជា ​ខ្ចីច្រើនជាង​គេ ដោយ​ស្មើនឹង ​៦២ ​ភាគរយ ​នៃ​ប្រាក់កម្ចី​សរុប​។

​មន្ត្រីជាន់ខ្ពស់​ម្នាក់ ​នៃ​ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ ​បាន​និយាយប្រាប់​អ្នកកាសែត​កាលពី​ចុង​សប្តាហ៍​កន្លងទៅនេះ​ថា​ តាម​ការ​ប៉ាន់ប្រមាណ​ ប្រភព​នៃ​ហិរញ្ញប្បទាន​សម្រាប់​ប្រាក់កម្ចី​នៅ​ឆ្នាំ​២០១២​ គឺរាជរដ្ឋាភិបាល​កម្ពុជា ​នឹង​ទទួលបាន​ប្រាក់កម្ចី​ពី​ដៃគូ​អភិវឌ្ឍន៍​ជា​លក្ខណៈ​ទ្វេភាគី ​នូវ​ចំនួន​ទឹកប្រាក់​ប្រមាណ​ ៩៥៦​ លាន​ដុល្លារ ​ស្មើនឹង​៧៨​ ភាគរយ​ នៃ​កម្ចី​សរុប ​និង​ទទួលបាន​ ២៦៩​ លាន​ដុល្លារ ​ពី​ដៃគូ​អភិវឌ្ឍន៍​ជា​លក្ខណៈ​ពហុភាគី​។​

មន្ត្រីដដែលបន្តថា ប្រទេស​ចិន​បានសន្យាផ្តល់​ប្រាក់កម្ចី​ដល់​រាជរដ្ឋាភិបាល​កម្ពុជា នូវចំនួនទឹកប្រាក់ច្រើនជាងគេបង្អស់ ​ក្នុង​ចំនួន​ប្រាក់កម្ចី ​ដែល​រដ្ឋាភិបាល​គ្រោង​នឹង​ខ្ចី​នេះ​។

​​មន្ត្រី​ដដែល​បានបញ្ជាក់​ថា ​ចិន​ឲ្យ​ខ្ចី​ប្រមាណ ​៧៦៧​ លាន​ដុល្លារ​ ស្មើនឹង​ ៦២ ​ភាគរយ​នៃ​កម្ចី​សរុប​ ដែល​កម្ពុជា ​រំពឹងថា នឹង​ទទួលបាន​ពី​ដៃគូអភិវឌ្ឍន៍​ នៅឆ្នាំ២០១២។​ចំណែកធនាគារអភិវឌ្ឍន៍អាស៊ី ​គ្រោង​នឹង​អោយ​កម្ពុជា​ខ្ចី​ចំនួន​ ២៣៩​ លាន​ដុល្លារ​ស្មើនឹង​ ២០ ​ភាគរយ ​នៃ​កម្ចី​របស់​កម្ពុជា​។ ​បន្ទាប់មក​ប្រទេស​ជប៉ុន ​នឹង​អោយ​កម្ពុជា ​ខ្ចី​ចំនួន ​១១៩ ​លាន​ដុល្លារ ​ស្មើនឹង​ ២០​ ភាគរយ ​នៃ​កម្ចី​។ ​ប្រទេស​កូរ៉េខាងត្បូង ​នឹងអោយ​កម្ពុជា​ខ្ចី​ចំនួន ​៧០ ​លាន​ដុល្លារ ​ស្មើនឹង ​៦ ​ភាគរយ ​ហើយ​មូលនិធិ​ IFAD នឹង​អោយ​កម្ពុជា​ខ្ចី​ចំនួន ​៣០ ​លាន​ដុល្លារ​ ​ស្មើនឹង​ប្រមាណ​ជាង​ ២​ ភាគរយ ​នៃ​កម្ចី​សរុប​។​ ការប៉ាន់ប្រមាណ​នៃ​ហិរញ្ញប្បទាន​សម្រាប់​ខ្ចី​នៅ​ឆ្នាំ​២០១២ ​មាន​ចំនួន​ទាំងអស់​១.២២៥ ​លាន​ដុល្លារ ​ឬ​ប្រមាណ​ជា ​៧៧៧​ លាន​SDR​។​

​​មន្ត្រី​នោះ​បន្តថា ​តែ​ទោះជា​យ៉ាងណាក្តី ​តាម​សេចក្តីព្រាងច្បាប់​ហិរញ្ញវត្ថុ​សំរាប់​ឆ្នាំ​២០១២​ ដែល​គណៈរដ្ឋមន្ត្រី ​បានអនុម័ត​យល់ព្រមកា​លពី​ពេលថ្មីៗនេះ ​បានអនុញ្ញាតអោយ​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ ​ខ្ចីប្រាក់​ពី​បរទេស​ ក្នុង​ចំនួន​តែ​ ៧០០ ​លាន​SDR ប៉ុណ្ណោះ។ ​កាលពី​ឆ្នាំ​២០១១ កម្ពុជា​ខ្ចីប្រាក់ពីបរទេស​បានតែ ​៤០០ ​លាន ​SDR៕

ការ​បញ្ចេញ​មតិ​ត្រូវ​បាន​បិទ។