ការនាំចេញ​ ដំឡូងមីកើនឡើង​ ជិត ១០០ភាគរយ

ភ្នំពេញ ៖ ការនាំចេញដំឡូងមីរបស់កម្ពុជា នៅក្នុងរយៈពេល ៨ខែ ដើមឆ្នាំ២០១១នេះ មានការកើនឡើង ជិត១០០ភាគរយ បើធៀបនឹង រយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមតួលេខពីក្រសួងពាណិជ្ជកម្ម។

តួលេខបង្ហាញថា នៅរយៈពេល៨ខែដើមឆ្នាំនេះ ការនាំចេញដំឡូងមី របស់កម្ពុជា កើនឡើង ៩៥,៥១ភាគរយ ធៀបនឹងពេលដូចគ្នាឆ្នាំមុន ពោលគឺនៅឆ្នាំនេះការនាំចេញ មានចំនួន ២២១៥២៤,៤តោន ត្រូវនឹងទឹកប្រាក់ចំនួន ៩.៦១១.០៥៥ដុល្លារអាមេរិក ដែលកាលពីឆ្នាំមុនមានត្រឹមតែ ១១៥ ០៦៨,២១ តោន ត្រូវនឹងទឹកប្រាក់ ៣១០.៦២៩ ដុល្លារអាមេរិក។

ប្រធាននាយកដ្ឋានស្ថិតិ និងព័ត៌មាននៃក្រសួងពាណិជ្ជកម្ម លោក គង់ ពុទ្ធារ៉ា បានឲ្យ ដឹងថា ទីផ្សារនាំចេញដំឡូងមីរបស់កម្ពុជា ទាំងដំឡូងស្ងួត និងសើម គឺប្រទេសវៀតណាម និងថៃ ហើយប្រទេសទាំងពីរនេះលក់ទៅទីផ្សារដ៏ធំគឺ ប្រទេសចិន “ការនាំចេញរបស់យើង កើនឡើងគឺដោយសារតែសេចក្តីត្រូវការរបស់ទីផ្សារបី គេមានសេចក្តីត្រូវការខ្ពស់ ដែលធ្វើឲ្យការនាំចេញដំឡូងមានការកើនឡើង” ។

លោក គង់ ពុទ្ធារ៉ា បន្តថា “ទៅអនាគតកសិកម្មរបស់យើង ទំនិញកសិផលរបស់យើង ដែលទទួលបានគឺ នាំចេញផ្ទាល់ទៅប្រទេសចិនតែម្តង ដែលវាជាបច្ច័យល្អ ហើយមិនមានតម្លៃប្រកួតប្រជែង ដែលធ្វើឲ្យយើងអាចនាំចេញបានកាន់តែច្រើន” ។

ដោយសារកាលពីឆ្នាំមុន តម្លៃដំឡូងមីមានហាងឆេងខ្ពស់ នឹងមានតម្លៃ បានធ្វើឲ្យប្រជាកសិករតាមបណ្តាខេត្តនានា បានសម្រុកនាំគ្នាដាំដំឡូងមី ដោយរំពឹងទុកថា នឹងទទួលបាន ប្រាក់ចំណេញខ្ពស់ ហើយប្រជាកសិករខ្លះឈប់ដាំដំណាំផ្សេងៗមកដាំដំឡូងមីវិញ។

ប្រជាកសិករដាំដំឡូងមី មួយរួបនៅ ខេត្តស្វាយរៀង អ្នកស្រី ប៉ោ សុគន្ធ ដែលមានផ្ទៃដីដាំដំឡូងមីចំនួនជាង ២០ហិកតា អាចនឹងប្រមូលផល នៅខែមីនា ឆ្នាំ២០១២ ខាងមុខ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលឲ្យដឹងនៅថ្ងៃសុក្រ ទី៣០ ខែកញ្ញា ឆ្នាំ២០១១ ថា នៅខេត្តរបស់ខ្លួនដំឡូងមីប្រមូលផល ចាប់ពីខែមេសា រហូតដល់ ខែកក្កដា ឆ្នាំ២០១១ ដោយក្នុងមួយតោនក្នុងតម្លៃ ៧០ដុល្លារអាមេរិក។

លោកស្រីបន្តថា “ដំឡូងមីនៅស្វាយរៀងនេះ គឺឈ្មួញពីវៀតណាមមកទិញ មិនទាន់ឃើញ មានឈ្មួញ ក្នុងស្រុកប្រមូលទិញនៅឡើយនោះទេ យើងចង់លក់ឲ្យឈ្មួញក្នុងស្រុក ច្រើនជាង” ។

តួលេខពីក្រសួងកសិកម្ម នៅឆ្នាំ ២០១០ ទិន្នផលដំឡូងមីប្រមូលបានចំនួន ៤ ២៤៨ ៩៤២ តោន ៕

ការ​បញ្ចេញ​មតិ​ត្រូវ​បាន​បិទ។