វិបត្តិហិរញ្ញវត្ថុប៉ះពាល់យ៉ាងខ្លាំងមកលើ​កម្មករ​និយោ​ជិត​នៃឧស្សាហកម្មកាត់ដេរកម្ពុជា

វិបត្តិសេដ្ឋកិច្ចពិភពលោក បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ កម្មករ កម្មការិនី ហើយពួកគេមួយចំនួន បានទទួលរងនូវ ការគាបសង្កត់ពីសំណាក់ថៅកែ នៃរោងចក្រដោយការព្យួរការងារ ឬបញ្ឈប់កម្មករដោយគ្មានសំណងសមរម្យ និងផលប៉ះ ពាល់កំពុងកើតមានក្នុងវិស័យនេះជាមួយនឹងភាពមិនប្រាកដប្រជា និងការបាត់បង់ការងារក្នុងទ្រង់ទ្រាយធំ។

លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា បានបញ្ជាក់ថា កម្មករ និយោជិត ជាច្រើននាក់កំពុងតែបាត់ បង់នូវការងារដោយមិនបានទទួលនូវសំណង ឬទទួលបាននូវសំណងតិចតួចបំផុតពីនិយោជិត ដោយពួកគេកំពុងតែអស់ សង្ឃឹមទៅលើការងារ នៅក្នុងឧស្សាហកម្មនេះ។

លោក អាត់ ធន់ បានបន្តទៀតថា កម្មករនិយោជិតមួយចំនួននឹងត្រឡប់ទៅភូមិកំណើតរបស់ពួកគេវិញ ហើយមួយ ចំនួនទៀតនឹងអាចរកការងារបានធ្វើនៅតាមអាជីវកម្មតូចៗជាលក្ខណៈគ្រួសារតាមផ្ទះជាពិសេសប្រកបរបរលក់ដូរបន្តិចបន្តួច។

លោកបានបន្តទៀតថា នេះជាពេលវេលាដែលរដ្ឋាភិបាល ត្រូវមានភាពលើកទឹកចិត្តអោយមានការ បង្កើតសហ គ្រាសតូចៗទាំងនេះ និងធានាអោយកម្មករនិយោជិតជាច្រើននាក់ថែមទៀតអាចរកការងារ បានធ្វើនៅតាមអាជីវកម្មតូចៗ ដើម្បីកាត់បន្ថយនូវគ្រោះថ្នាក់ដែលថា គ្រួសារនៅតាមទីជនបទ នឹងធ្លាក់ខ្លួនក្រតោកយ៉ាក ឬកម្មករនិយោជិត នឹងត្រូវបង្ខំចិត្ត ជ្រើសរើសយកជម្រើសដែលប្រថុយប្រថាន ដោយសារតែការបាត់បង់ការងារ។

លោកបណ្ឌិត កង ចាន់តារារ័ត្ន នាយកវិទ្យាស្ថានកម្ពុជា ដើម្បីសិក្សាការអភិវឌ្ឍ(CIOS)បានអោយដឹងថា អ្វីៗអាច មានសភាពល្អប្រសើរជាងមុនដោយសារតែមានការខិតខំស្វែងរកទីផ្សារថ្មីៗ នៅតាមប្រទេសមួយចំនួនដូចជា រុស្ស៊ី ជប៉ុន និងមជ្ឈិមបូព៌ា។

លោកបានអោយដឹងទៀតថា ប៉ុន្តែត្រូវតែមានការខិតខំប្រឹងប្រែង និងត្រូវការពេលវេលាហើយពេលវេលាមិនមែន ជាអ្វីដែលមាននៅក្នុងវិធានការធំៗជាងពេលបច្ចុប្បន្នកាលនោះឡើយ។

ទោះបីជាយ៉ាងណាក្តីកង្វះខាត នៅតែមានលើប្រភពចំណូល និងការពឹងអាស្រ័យរបស់ប្រទេសនេះលើវិស័យ កាត់ ដេរ ទេសចរណ៍ និងសំណង់ កំពុងដាក់នូវសម្ពាធមកលើកំណើននេះ ហើយបច្ចុប្បន្នឧស្សាហកម្មទាំង៣ ពិសេស គឺឧស្សា ហកម្មកាត់ដេរ ដែលស្មើនឹង១/៣ នៃការនាំចេញសរុបប្រទេសកម្ពុជាកំពុងតែប្រឈមមុខនឹងហានិភ័យធ្លាក់ចុះ៕

ការ​បញ្ចេញ​មតិ​ត្រូវ​បាន​បិទ។