ភ្នំពេញ: លោកឧបនាយករដ្ឋមន្ត្រី គាត ឈន់ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍នៅក្នុងពិធីសម្ពោធជាផ្លូវការក្រុមហ៊ុន Essilor កាលពីល្ងាចថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១១ថា GDP របស់កម្ពុជា ជាក់ស្តែងនៅឆ្នាំ២០០៩ បានធ្លាក់ចុះ មកជិតសូន្យ ប៉ុន្តែកំណើនសេដ្ឋកិច្ចកម្ពុជា បានងើបឡើងវិញ ជារាងអក្សរវេ ( V ) នៅឆ្នាំ២០១០ មានកំណើនសេដ្ឋកិច្ច ៦% តំលៃថេរ។ ចំណែកនៅឆ្នាំ២០១១ កំណើនសេដ្ឋកិច្ច មុនពេលមានទឹកជំនន់ អាចនឹងឡើងរហូត ៦,៨% ហើយបន្ទាប់ពីមានទឹកជំនន់ហើយ អាចខូចខាតច្រើន។ ដូច្នេះបន្ទាប់ពីគិតគូរឡើងវិញ កំណើនសេដ្ឋកិច្ចអាចឡើងត្រឹមតែ ៦,៣% ប៉ុណ្ណោះ នៅឆ្នាំ២០១១នេះ។
នៅក្នុងពិធីបើកសម្ពោធការិយាល័យ ចែកចាយរបស់ក្រុមហ៊ុន Essilor នៅកម្ពុជា កាលពីព្រលប់ថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០១១ លោកឧបនាយករដ្ឋមន្ត្រី គាត ឈន់ បានលើកឡើងថា បើសិនជាទឹកជំនន់ត្រាំត្រែងយូរពេក ធ្វើឲ្យខូចខាតស្រូវដំណាំជាច្រើនទៀតនោះ គណៈរដ្ឋមន្ត្រីបានគិតគូររក្សាកំណើនសេដ្ឋកិច្ច ដែលគ្រោងទុកពីដើមឆ្នាំ២០១១ មានកំណើនប្រហែល ៦%។
លោក ឧបនាយករដ្ឋមន្ត្រី គាត ឈន់ បានបញ្ជាក់ទៀតថា “ក្នុងកំណើនសេដ្ឋកិច្ច ៦% ឬ ៦,៥% ក៏មិនមែនជាតួលេខទាបទេ បើប្រៀបធៀបតំបន់ចំនួន៥ ដោយផាត់ ចិន និងជប៉ុន ចេញ គឺកំណើនសេដ្ឋកិច្ចកម្ពុជានៅ ៦% ដែលជាតំលៃថេរ”។
លោកឧបនាយករដ្ឋមន្ត្រី គាត់ ឈន់ បានបន្តថា នៅក្នុងយុទ្ធសាស្ត្រចតុកោណ ក្នុងដំណាក់កាលទី២ របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាក់ចេញនូវផែនការកំណត់យកវិស័យឯកជន គឺជាការងារជាជ្រុងមួយនៃជ្រុងទាំង៤ ដើម្បីលើកទឹកចិត្តបំផុស និងទាក់ទាញអ្នកវិនិយោគពីគ្រប់ទិសទី ដើម្បីចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ជាពិសេសវិស័យឯកជន ត្រូវបានរាជរដ្ឋាភិបាលចាត់ទុកថា ជាក្បាលម៉ាស៊ីន នៃកំណើនសេដ្ឋកិច្ច ដែលឆ្លុះបញ្ចាំនូវប្រសិទ្ធភាព នៃការអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី២ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដោយទទួលបាននូវទំនុកទុកចិត្តរបស់វិនិយោគទុន ពីគ្រប់ទិសទីនៅលើពិភពលោក មកលើសុខសន្តិភាពពេញលេញបរិបូរណ៍ បរិស្ថានម៉ាក្រូសេដ្ឋកិច្ចដ៏គតមុត បរិយាកាសដ៏គត់មុតផ្តល់ឱកាសវិនិយោគ ដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដែលស្តែងឲ្យឃើញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល លើវិស័យឯកជន ដែលបានឲ្យតំលៃខ្ពស់ចំពោះវិស័យឯកជន៕
