ភ្នំពេញ: វិស័យសំណង់អចលនទ្រព្យ កំពុងតែចាប់ផ្តើមងើបឡើងវិញហើយ ដែលការងើបឡើងវិញនេះ ចាប់តាំងពីដើម្បីឆ្នាំ២០១១មកម្ល៉េះ។ ក៏ប៉ុន្តែទន្ទឹមនឹងចរន្តងើបឡើងវិញនេះ ក៏មានម្ចាស់បុរី និងផ្ទះល្វែង ភាគច្រើន ដាក់ប្លង់បញ្ចាំនៅធនាគារ ដូច្នេះអតិថិជន ត្រូវពិចារណាមុននឹងទិញ។ នេះបើយោងតាមការបញ្ជាក់ពីលោក ងី តាយី រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
លោក ងី តាយី បានបញ្ជាក់ថា ការធ្វើអាជីវកម្មលើវិស័យសំណង់ បានចាប់ផ្តើមងើបឡើងវិញជាបណ្តើរៗហើយ ហើយការងើបឡើងវិញខាងវិស័យសំណង់នេះនៅបរទេស ក៏កំពុងតែងើបឡើងវិញដែរ មិនមែនតែនៅកម្ពុជាទេ។
លោកបាន បញ្ជាក់ទៀតថា ស្របនឹងការងើបឡើងវិញជាបណ្តើរៗខាងវិស័យសំណង់ គឺតំលៃលក់អចលនទ្រព្យនៅកម្ពុជា ក៏មានការឡើងថ្លៃរើបៗ បណ្តើរៗផងដែរ។
លោករដ្ឋលេខាធិការ ងី តាយី ក៏បានបញ្ជាក់ថា ស្របពេលដែលវិស័យសំណង់កំពុងតែងើបឡើងវិញបណ្តើរៗនោះ គឺម្ចាស់បុរី និងម្ចាស់សំណង់ផ្ទះល្វែង ដែលធ្វើអាជីវកម្មលក់ដូរបុរី និងផ្ទះល្វែងមួយចំនួននោះ បានយកប្លង់ដីរួមបុរីឬប្លង់រួមផ្ទះល្វែងទៅដាក់បញ្ចាំ នៅឯធនាគារ ដើម្បីខ្ចីប្រាក់មកធ្វើអាជីវកម្មបន្តទៀត ដែលអាចជាបញ្ហាចំពោះអតិថិជនទិញផ្ទះ ឬបុរីពីក្រុមហ៊ុន ហើយបែរជាពុំអាចទទួលប្លង់កម្មសិទ្ធិបាននោះ ពីព្រោះប្លង់ជាប់ដាក់បញ្ចាំនៅធនាគារ។
លោក ងី តាយី បានបញ្ជាក់ទៀតថា មានបញ្ហាខ្លះតែងតែឮថា ម្ចាស់សាងសង់បុរី ឬផ្ទះល្វែងយកប្លង់រួម ទៅដាក់បញ្ចាំនៅឯធនាគារ ដែលអាចមានបញ្ហាទៅដល់អ្នកទិញផ្ទះជាកម្មសិទ្ធិបើប្លង់នៅធនាគារ បានអីយកមកកាត់ឈ្មោះ ផ្ទេរសិទ្ធិ និងជៀសវាងមានបញ្ហាទៅថ្ងៃក្រោយ។
លោកបានបញ្ជាក់ទៀតថា ចំពោះអ្នកវិនិយោគ ដែលមានដើមទុនរបស់ខ្លួនគ្រប់គ្រាន់ សម្រាប់ធ្វើអាជីវកម្មសាងសង់បុរី ឬផ្ទះល្វែង សម្រាប់លក់នោះ វាមិនមានបញ្ហាអីទេ ក៏ប៉ុន្តែក្រសួងមានការព្រួយបារម្ភខ្លាំងនោះ ចំពោះអ្នកដែលមានតែដី ឬទិញដី ចូលគ្នាហើយសាងសង់បុរី ឬផ្ទះល្វែង សម្រាប់លក់យកចំណេញ ហើយយកប្លង់រួមទៅដាក់បញ្ចាំនៅធនាគារ យកលុយមកធ្វើអាជីវកម្មទាំងនេះ ដែលនឹងអាចកើតមានបញ្ហាទៅថ្ងៃក្រោយ។
លោករដ្ឋលេខាធិការ ក៏បានបញ្ជាក់ដែរថា មកដល់ពេលនេះ មានអ្នកវិនិយោគជាច្រើនបានមកបំពេញលក្ខ័ខណ្ឌត្រឹមត្រូវស្របច្បាប់ នៅក្រសួងសេដ្ឋកិច្ច សម្រាប់ធ្វើអាជីវកម្មសាងសង់បុរី ឬផ្ទះល្វែង សម្រាប់លក់ និងដើម្បីធានាបានូវភាពស្របច្បាប់ផងដែរ៕
